• ចាប់ខ្លួនមន្ដ្រីយោធាផ្កាយ១ ម្នាក់ និងប្រពន្ធ ពាក់ព័ន្ធបោកលុយប្រជាពលរដ្ឋ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ រាប់ម៉ឺនដុល្លារ ថ្លៃរត់ការឱ្យចូលបម្រើការងាររដ្ឋ
    ដោយ admin  ថ្ងៃទី 24 April, 2019  ម៉ោង 09:51 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មន្ដ្រីយោធាផ្កាយ១ លោក ឃួន សុវណ្ណ មានតួនាទីជានាយករង អធិការដ្ឋាន នៃអគ្គបញ្ជាការ និងប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស តាមចាប់ខ្លួន ក្រោយពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្ដឹងចោទប្រកាន់បោកប្រាស់លុយរាប់ម៉ឺនដុល្លារ ជាថ្លៃរត់ការឱ្យកូនចៅរបស់ពួកគេ អាចចូលបម្រើការងាររដ្ឋបានដូចជា ទាហាន ប៉ូលីស និងគ្រូបង្រៀនជាដើម។

    មន្ដ្រីអាវុធហត្ថជាន់ខ្ពស់លើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្ដញព័ត៌មាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ និងភរិយារបស់ខ្លួនឈ្មោះ ទ្រី ណាត ដែលព័ត៌មានខ្លះអះអាងថា ក៏ជាមន្ដ្រីនគរបាលជាន់ខ្ពស់ម្នាក់ នៅក្រសួងមហាផ្ទៃនោះ ត្រូវបានឃាត់ខ្លួន និងកំពុងធ្វើការសួរនាំ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

    យោងតាមរបាយការណ៍ ពីជនរងគ្រោះជាច្រើននាក់ ខ្លះចាញ់បោកចាប់ពី១,៥០០ដុល្លារ រហូតដល់ជាង ៦,០០០ ដុល្លារ ទៅលើបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ ដើម្បីឱ្យពួកគេរត់ការនាំកូនចៅរបស់ខ្លួនឱ្យចូលធ្វើជានគរបាល ជាទាហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម។ បើទោះបីទំហំទឹក ប្រាក់មិនទាន់អាចបញ្ជាក់ពិតប្រាកដ ប៉ុន្ដែចន្លោះពី១០ ទៅ២០ម៉ឺនដុល្លារ ដែលពួកគេបានបោកប្រាស់ពីប្រជា ពលរដ្ឋ។

    យោងតាមប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យប្រជាពលរដ្ឋជាច្រើននាក់ ធ្លាក់ខ្លួនក្នុងអំពើឆបោកដោយសារពីរនាក់ប្ដីប្រពន្ធនេះ ក៏ព្រោះតែប្រជាពលរដ្ឋបានស្គាល់ពួកគេ ធ្លាប់បានចុះចែកអំណោយជូនប្រជាជននៅតំបន់ដាច់ស្រយាលជាច្រើនលើក រហូតធ្វើឲ្យពួកគាត់ជឿទុកចិត្ត ទើបមកពឹងពាក់យ៉ាងដូច្នេះ។

    តាមព័ត៌មានប្រជាពលរដ្ឋដែលរងគ្រោះនោះ ខ្លះបានលក់គោក្របី និងដីស្រែចម្ការ ដើម្បីយកលុយទៅឱ្យពួកគេទាំងពីរនាក់ប្ដីប្រពន្ធ រត់ការចូលបម្រើការងាររដ្ឋ ប៉ុន្ដែនៅទីបំផុតម្នាក់ៗ មិនទទួលបានលទ្ធផលនោះឡើយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares