• ក្រុមយុវជន និងក្មេងៗដែលស្រឡាញ់បរិស្ថានស្អាត នាំគ្នារើសសំរាម ក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ នៅខេត្តមណ្ឌលគិរី
    ដោយ admin  ថ្ងៃទី 18 April, 2019  ម៉ោង 06:23 | ព័ត៌មាន​ជាតិ

    (ខេត្តមណ្ឌលគីរី)៖ រូបភាពបង្ហាញពីក្រុមយុវជន និងក្មេងៗដែលស្រឡាញ់បរិស្ថានស្អាត បាននាំគ្នាបើកយុទ្ធនាការរើសសំរាម នៅខេត្តមណ្ឌលគីរី ក្រោយចូលឆ្នាំប្រពៃណីខ្មែរបានបញ្ចប់ អស់រយៈពេល៣ថ្ងៃ កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីមហាជននៅបណ្តាញសង្គម ដែលនេះជាគំរូដ៏ល្អដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរក្សាបរិស្ថានល្អ ដើម្បីសុខភាពល្អ និងបរិយាកាសស្រស់បំព្រង។

    តាមការឱ្យដឹងពីបណ្តាញព័ត៌មាននៅខេត្តមណ្ឌលគីរី បានឱ្យដឹង ក្រុមយុវជននិងក្មេងៗបានចាប់ផ្តើមតាំងពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ និងបន្តទៅថ្ងៃស្អែកទៀត ហើយមិនថាតែរើសសំរាមនៅតាមរមណីយដ្ឋាននានាទេ សូម្បីតែនៅតាមដងផ្លូវមួយចំនួន និងកន្លែងលក់ដូរក៏បានចូលរួមសំអាតដែរ។ ចំណុចនេះសូមឱ្យតាមបណ្តារាជធានី និងខេត្តក្រុងទូទាំងប្រទេស នាំគ្នាធ្វើយុទ្ធនាការសំអាតសំរាមដើម្បីសង្គមយើងមានបរិស្ថានល្អ និងរស់នៅស្អាត។

    ប្រភពបញ្ជាក់បន្ថែមថា ក្រុមយុវជន និងក្មេងៗ ដែលនាំគ្នាសំអាតសំរាមនេះក៏ជាអ្នកទេសចរណ៍ពីភ្នំពេញ មកលេងកម្សាន្តនៅខេត្តមណ្ឌលគីរី មិនមែនជាអ្នករស់នៅខេត្តមណ្ឌលគីរីនេះទេ ប៉ុន្តែពួកគាត់មានឆន្ទៈ និងទឹកចិត្តក្នុងសំអាតសំរាមដែលជាគំរូដ៏ល្អមួយ។

    យោងតាមរបាយការណ៍វាយតម្លៃជំហានដំបូងរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា សម្រាប់ខេត្តមណ្ឌលគីរី មានភ្ញៀវទេសជាតិ និងអន្តរជាតិ ប្រមាណជាង២៥០០០នាក់ ទៅលេងកំម្សាន្តរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។

    តាមការវាយតម្លៃជំហានដំបូង គឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្វព្រឹត្តិការណ៍ សង្ក្រាន្តសំខាន់ៗ សរុបប្រមាណ ៤,៧២៦,៦០២នាក់ ដែលកើនឡើង ៦៧.០២%។

    តួលេខនេះគ្រាន់តែជាការវាយតម្លៃជំហានដំបូង សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍ សង្ក្រាន្តសំខាន់ៗតែប៉ុណ្ណោះ ដោយមិនទាន់គិតពីចំនួនបងប្អូនប្រជាពលរដ្ឋ នៅតាមគោលដៅបន្ទាប់បន្សំនានាដូចជាវត្តអារាម សាលារៀន ភូមិ-ឃុំ-ស្រុក និងទីប្រជុំជននានា ដែលមានចំនួនមិនតិចជាង៣លាននាក់ទេ សម្រាប់រយៈពេល៣ថ្ងៃនេះបន្ថែមពីលើចំនួនខាងលើ ដូច្នេះចំនួនសរុបប្រមាណជាង៧លាននាក់ បាននាំគ្នាដើរលេងកម្សាន្ត ក្នុងឱកាសចូលឆ្នាំថ្មីនេះ នេះបើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដល់បណ្តាញព័ត៌មាន ក្នុងស្រុក៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares