• គិត​ចាប់ពី​ដើមខែ​មិនា​ឆ្នាំ​២០១៩​មកដល់​ថ្ងៃទី​២៥​នេះ ឈ្ម​ញ​ដឹកឈើ​ប្រណីត​ខុសច្បាប់​តាម​រថយន្ត សាំ​យ៉ុង រាប់ពាន់​គ្រឿង ឆ្លងទៅ​វៀតណាម តាម​ច្រក​អន្តរជាតិ​ដាក់​ដាំ​គ្មាន​ការបង្ក្រាប​!
    ដោយ admin  ថ្ងៃទី 25 March, 2019  ម៉ោង 15:39 | រាយការណ៍​ពិសេស

    (​ខេត្តមណ្ឌលគិរី​)៖ បច្ចុប្បន្ន​ក្រុម​ឈ្មួញ​កំពុង​ដឹកជញ្ជូន​ឈើ​ប្រណីត ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​គគ្រឹកគគ្រេង​នៅពេល​យប់​ចេញ​តាម​ច្រក​ដាក់​ដាំ​ដោយ​មិនមាន​ការបង្ក្រាប​នោះទេ ព្រោះ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ ជា​ប្រព័ន្ធ​រួចជាស្រេច ជាពិសេស មានការ​បើកដៃ​ពី​លោក យូ សុធា ជា​មេ​ប៉ុស្តិ៍​ព្រំដែន អន្តរជាតិ​ដាក់​ដាំ ។ ហើយ​ករណីនេះ​ត្រូវបាន​គេ​មើលឃើញថា ច្រក​អន្តរជាតិ​ដាក់​ដាំ ដែល​គ្រប់គ្រង​ដោយ​លោក យូ សុធា រាប់សិប​ឆ្នាំ​មកនេះ ជា​ច្រក​អំណោយផល​ដែល​ក្រុម​ឈ្មួញ​ឈើ ទទួលបាន​ការឃុបឃិត​ពី​មន្ត្រី​ពុករលួយ ដែល​ឈើ​មិនតិច​ម៉ឺន​ម៉ែត្រគុប​ទេ បាន​យកទៅលក់​ឱ្យ​វៀតណាម ។ ទាក់ទិន​នឹង​ករណីនេះ​ប្រភព​បានឱ្យដឹង ថា លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ប្រហែលជា​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​លោក យូ សុធា ទើប​បណ្តោយឱ្យ​មន្ត្រីក្រោមឱវាទ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

    ​មាន​សេចក្តីរាយការណ៍​ពី​ច្រក​ដាក់​ដាំ​មក​ថា បើ​គេ​ពិនិត្យមើល សកម្មភាព​នាំចេញ​ឈើ​ប្រណី​តទៅ​ប្រទេស​វៀតណាម ពុំមាន​ការថយចុះ​នោះទេ គេ​សង្កេតឃើញថា គ្រាន់តែ​រយៈពេល​គិត​ត្រឹម​ពីថ្ងៃ​ទី​០៧​ខែ​កម្ភៈ ឆ្នាំ​២០១៩ ដល់​ថ្ងៃ​១០​ខែកុម្ភៈ ២០១៩ (​ក្នុង​រយៈពេល​តែ​៣​ថ្ងៃ​) រថយន្ត​ប្រភេទ​សាំង​យុង ជិត​១​ពាន់​គ្រឿង ដឹកឈើ​ចេញ​តាម​ច្រក​ដាក់ ដាំ​នៅពេល​យប់ ដែល​រថយន្ត​ទាំងនោះ​ដឹកឈើ​ចេញពី​ស្រុក​ពេ​ជ្រា​ដា កោះ​ញែក និង​ស្រុក​អូររាំង​។ ហើយ​ប្រភព​បានបញ្ជាក់​ទៀតថា ចាប់តាំងពី​ដើមខែ​មិនា​នេះ​មកដល់​ថ្ងៃទី​២៥ ខែ​មិនា​ដដែល​នេះ គេ​សង្កេតឃើញថា​ឈ្មួញ​សម្រុក​ដឹកឈើ​យ៉ាងគំហុក​ពេលយប់​ឆ្លងទៅ​ប្រទេស​វៀតណាម​សរុប​មិនតិច​ពាន់​រថយន្ត ដែល​នេះ​ជាការ ឃុបឃិត​រួមគ្នា​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​ទាញយក​ផលប្រយោជន៍​រៀងៗ​ខ្លួន​។ ទោះជា​សកម្មភាព​ដឹកឈើ​ឆ្លងដែន​ប្រព្រឹត្តឡើង​យ៉ាង​គគ្រឹកគគ្រេង​យ៉ាងណា ក៏​គេ​មិនឃើញ លោក ស្វាយ សំ​អ៊ាង ចេញ​បទបញ្ជា​បង្ក្រាប​ឡើយ​។​

    ​ប្រភព​ដដែល​បញ្ជាក់ទៀតថា ក្រុម​ឈ្មួញ​ឈើ​នៅតែ​បន្ត​ដឹកឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម បើទោះបី អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​យ៉ាងណាក៏ដោយ ក៏​សកម្មភាព​បង្ក្រាប​មិនមាន​ប្រសិទ្ធភាព សោះឡើយ ព្រោះ​ល្បី​ថា​មាន​ឧកញ៉ា​នគរបាល​ផ្កាយ​៣​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ទៅ​ពី​ភ្នំពេញ​ជា​អ្នកកាង​ពីក្រោយ នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​វៀតណាម​នេះ​។ បែបនេះហើយ​ត្រូវបាន​គេ​សង្ស័យថា ក្រុមមន្ត្រី​ជំនាញ​បាន​ត្រូវរ៉ូវ​គ្នា​ជា ឈ្មួញ​ឈើ​ចាក់ស្រេះ​ជា​ប្រព័ន្ធ​។ រីឯ​សកម្មភាព​បង្ក្រាប​ម្តង​មួយ​កាល គ្រាន់តែ​ជា​វាំងនន​បិទបាំង​បំភាន់​ថ្នាក់លើ ។ ជាងនេះទៅទៀត​ការបង្ក្រាប​វិញ ចាប់​បង្ក្រាប​បានតែ​ឈ្មួញ​ណា ដែល​មិន​រត់​ការបង់​ផ្លូវ តែប៉ុណ្ណោះ​។ ទាក់ទិន​នឹង​ការជួញដូរ​ឈើ​នេះ បាន​បង្ក និង​ជម្រុញឱ្យមាន ល្មើស​ឈើ​កាប់​កាប់​យក​ឈើ​ចេញពី​ព្រៃ​សហគមន៍ និង​ព្រៃ​ការពារ​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​ខេត្តមណ្ឌលគិរី ៕

    រូបភាព រថយន្តសាំយ៉ុងដឹកឈើឆ្លងទៅវៀតណាម តាមច្រកដាក់ដាំ កាលពីដើមឆ្នាំ២០១៧

    loading...
    shares