• នាវាទេសចរណ៍ ក្រុមហ៊ុនកោះរ៉ុងដាយសិនធឺរ (ទូកហែបភីបូត) សម្រាប់ដឹកភ្ញៀវទេសចរណ៍កម្សាន្តតាមកោះ បានសម្ពោធឱ្យដំណើរការ
    ដោយ admin  ថ្ងៃទី 11 March, 2019  ម៉ោង 18:31 | ព័ត៌មាន​ជាតិ

    (ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ លោក យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះ សីហនុ អញ្ជើញកាត់ខ្សែបូរសម្ពោធ ដាក់ឱ្យប្រើប្រាស់នាវាទេសចរណ៍ក្រុមហ៊ុនកោះរ៉ុងដាយសិនធឺរ (ទូកហែបភីបូត) ជាប្រភេទទូកភ្លោះ ល្បឿនលឿន មានសុវត្ថិ ភាព និងផាសុខភាពសម្រាប់ភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ទៅតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ ។

    លោក យន្ត មីន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា នាវាទេស ចរណ៍នេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការ បម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ពិសេសការដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់កោះនានាក្នុងខេត្តព្រះសីហនុ កាន់តែទំនើប មានសុវត្ថិភាពបន្ថែមទៀត ធានាបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរ ។

    លោកសង្ឃឹមថា ក្រុមហ៊ុននឹងនាំនាវាទេសចរណ៍ទំនើបៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនូវភ្ញៀវទេសចរណ៍។ ម្យ៉ាងទៀតការដឹកជញ្ជូនតាមផ្លូវទឹកមានសារសំនខាន់ណាស់ ធ្វើឱ្យភ្ញៀវមានទំនុកចិត្តមកលេងកម្សាន្តខេត្តព្រះសីហនុ មិនអាចភ្លេចជិះនាវាទៅលេងកម្សាន្តតាមបណ្តាកោះ ។

    លោក សេង ហួលាង តំណាងក្រុមហ៊ុន កោះរ៉ុងដាយសឺនធឺរ មានប្រសាសន៍ថា ដើម្បីបម្រើឱ្យវិស័យទេស ចរណ៍ក្នុងខេត្តព្រះសីហនុ ដែលមានសក្តានុពលផ្នែកទេសចរណ៍ ម្យ៉ាងដោយ សារតែភ្ញៀវទេសចរកើនឡើង ជាពិសេសខេត្តព្រះសីហនុមានការអភិវឌ្ឍមានសន្ទុះយ៉ាងលឿន គួបផ្សំនឹងចរាចរណ៍ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស មានការមមាញឹក ទើបក្រុមហ៊ុនបានពិភាក្សាគ្នា នាំនាវាទំនើបមកបន្ថែមទៀត ។

    បច្ចុប្បន្នក្រុមហ៊ុនមាននាវាទំនើបចំនួន ០៤គ្រឿង គួបផ្សំនឹងទូកឈើជិត ១០គ្រឿងបន្ថែមទៀត ក៏ប៉ុន្តែការដឹកជញ្ជូនតាមផ្លូវទឹកមិនទាន់ឆ្លើយតបតាមតម្រូវការដឹកមជញ្ជូនភ្ញៀវទេសចរណ៍ ហើយនាវាទំនើបនេះត្រូវបានដំឡើងរយៈពេលជាងមួយឆ្នាំនៅប្រទេសថៃ និងបាននាំមកដល់ខេត្តព្រះ សីហនុដាក់ឱ្យដំណើរការនាពេលនេះ ។ នាវាអាចផ្ទុកមនុស្សបានរហូតដល់ ៤៥០ នាក់ ក្នុងនោះក៏មានការបម្រើភេសជ្ជៈ ម្ហូបអាហារ មានបន្ទប់ម៉ាស៊ីនត្រជាក់ បន្ទប់ទឹក ធានាសុវត្ថិភាព ដើម្បីបម្រើឱ្យទាន់សម័យទាំងភ្ញៀវជាតិ និងអន្តរជាតិដូចប្រទេសជិតខាង ។

    ការនាំចូលនាវាទំនើបនេះ ក្នុងគោលបំណងជួយបង្កើតអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ឱ្យមានការរីកលូតលាស់ដូចប្រទេសជិតខាង ដើម្បីលើកមុខលើកមាត់ខេត្ត ក៏ដូចជាប្រទេសជាតិផងដែរ ហើយនេះជានាវាទេសចរណ៍ដែលទំនើបបំផុតនៅក្នុងខេត្តព្រះសីហនុ នៃប្រទេស កម្ពុជា កន្លងមកធ្លាប់តែឃើញនាវាទេសចរណ៍បរទេសធុនធំចូលចតនៅកំពង់ផែក្រុងព្រះសីហនុ តែពេលនេះយើងមាននាវារបស់ខ្មែរខ្នាតធំបម្រើភ្ញៀវទេសចរណ៍ក្នុងស្រុក ក៏ដូចជាភ្ញៀវជាតិ និងអន្តរ ជាតិទៅលេងកម្សាន្តតាមកោះ នាវានេះនិងដឹកភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តតាមកោះនានាក្នុងខេត្តព្រះសីហនុ ពិសេសប្រជុំកោះរ៉ុងសន្លឹម ។

    លោក សេង ហួលាង តំណាងក្រុមហ៊ុន កោះរ៉ុងដាយសឺនធឺរ មានប្រសាសន៍ទៀតថា ក្រុមហ៊ុនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសចូលរួមគាំទ្រក្រុមហ៊ុនកោះរ៉ុងដាយសឺនធឺរ ដើម្បីឱ្យដំណើរការសេវាដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹកទទួលបានលទ្ធផលល្អ ។

    លោក Sakip Catal ជនជាតិតួគី និងអ្នកចូលហ៊ុនរបស់ក្រុមហ៊ុន កោះរ៉ុង ដាយសឺនធឺរ បានឱ្យដឹងថា នាវាល្បឿន លឿននេះមានបណ្តោយ ៣៧ម៉ែត្រ ទទឹង ១២ម៉ែត្រ កម្ពស់ ០៣ជាន់ អាចផ្ទុកភ្ញៀវបានរហូត ដល់ ៤៥០នាក់ នៅ លើនាវាមានកន្លែងកម្សាន្តជាច្រើនផង ដែរ ។ នាវានឹងដាក់ឱ្យដំណើរការដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តតាមកោះចំនួន០៣ ក្នុងនោះ មានកោះរ៉ុង កោះកូន និងកោះរ៉ុងសន្លឹម ចាប់ចេញដំណើរនៅម៉ោង១០ព្រឹក និងត្រ ឡប់មកវិញម៉ោង ៦ល្ងាច ។ ក្រៅពីដឹក ភ្ញៀវទៅកម្សាន្តតាមកោះ ក្រុមហ៊ុន និងមានទទួលរៀបចំពីធីខួបកំណើត ជប់ លៀង និងពិធីរៀបអាពាហ៍ពិពាហ៍ផង ដែរតាមតម្រូវការអតិថិជន ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares