• សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា​៖ អ្នកឧកញ៉ា គិត ម៉េង មិន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​ទេ​
    ដោយ admin  ថ្ងៃទី 27 February, 2019  ម៉ោង 22:17 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ជា​សាធារណៈ​ថា​៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា មិនមាន​ការពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ជាង ៥០​គីឡូក្រាម នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នោះទេ​។ ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យ​ច​ចាម​អារាម​មួយចំនួន​លើកឡើងថា មានការ​ពាក់ព័ន្ធ​ជាមួយ​អ្នកឧកញ៉ា គិត ម៉េង និង​មនុស្ស​មួយចំនួន​។​

    ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ក្រឡាហោម ស ខេង នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ នេះ​បានសរសេរថា “​តាមរយៈ​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ មកដល់ពេលនេះ​សមត្ថកិច្ច​រក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មានការ​ពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា នោះទេ​”​។​

    ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រឹង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ ដោយ​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន​ជាច្រើន​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយចំនួន​ផងដែរ ។​

    ​សម្តេច​ក្រឡាហោម​បាន​បន្តថា “​បន្ទាប់ពី​ការបង្ក្រាប​ដោយ​ជោគជ័យ​របស់​កងកម្លាំង​នគរបាល​លើ​ករណីនេះ ក៏បាន​កើតមាន​ពាក្យ​ច​ចាម​អារាម​ថា ករណី​បទល្មើស​គ្រឿងញៀន​នេះ​មានការ​ពាក់ព័ន្ធ​នឹង​បុគ្គល​ផ្សេងៗ ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ​ជម្រាបជូន​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាបថា តាមរយៈ​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ មកដល់ពេលនេះ​សមត្ថកិច្ច​រក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មានការ​ពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា នោះទេ​”​។​

    សូម​រំឭកថា​៖ កាលពី​កណ្ដាលយប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ព្រះរាជអាជ្ញា និង​កម្លាំង​ជំនាញ​ចម្រុះ បាន​បើក​ប្រតិបត្តិការ​ជា​ទ្រង់ទ្រាយ​ធំ​ឆ្មក់​ចូល​បង្ក្រាប​នៅក្នុង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក (Rock) ដោយបាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង ៣០០​នាក់ និង​ជនជាតិ​ចិន​ចំនួន​១៤​នាក់ ពាក់ព័ន្ធ​ការចែក​ចាយ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន រួមទាំង​ដកហូត​ថ្នាំញៀន​ជាច្រើន​ប្រភេទ​ប្រមាណ​ជាង ៥០​គីឡូក្រាម​។​

    ​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន ថា មនុស្ស​ជាង ៣០០​នាក់ បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ គឺមាន​អ្នក​មិន​ប្រើប្រាស់ មាន​ចំនួន​៧១​នាក់ ប្រគល់​ទៅ​ឲ្យ​អាណាព្យាបាល​យកទៅ​វិញ និង​អ្នកប្រើប្រាស់​ថ្នាំញៀន មាន​ចំនួន​២៣៣​នាក់​៕







     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares