• ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​៦​នាក់​កំពុង​ល្បាត​ព្រៃ ត្រូវបាន​ខ្មាន់កាំភ្លើង​ថ្លើមធំ​បាញ់ប្រហារ ២​លើក របួសធ្ងន់​ម្នាក់ !
    ដោយ admin  ថ្ងៃទី 30 January, 2019  ម៉ោង 11:45 | សន្តិសុខ​សង្គម

    (​ខេត្តមណ្ឌលគិរី​)៖ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​៦​នាក់ ត្រូវបាន​ខ្មាន់កាំភ្លើង​បើក​ការ​ប្រហារ​យ៉ាង​សន្ធប់​មកលើ ខណៈដែល​កម្លាំងចម្រុះ​ខាងលើ​កំពុង​ល្បាត​ព្រៃ និង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​សង្ស័យ​ដឹក​សត្វព្រៃ​ខុសច្បាប់ ក៏មាន​ការបាញ់​ស្រោច​ម​កលើ​តែម្ដង ដោយបាន​ធ្វើឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់​រងរបួស​ធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ត្រង់ចំណុច​អូរ​រ៉ូ​វេ ក្នុង​តំបន់​ត្រពាំង​កកោះ ស្ថិតក្នុង​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ។​

    ​លោក កែវ សុភ​ក៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា ករណីនេះ​បានកើត​ឡើង​គ្រា​ដែល​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​សហការ​ជាមួយ​កម្លាំង​នគរបាល យោធា និង​មន្ត្រី​ការពារ​សត្វព្រៃ សរុប​មាន​គ្នា​មាន​គ្នា​៦​នាក់ បានចេញ​ល្បាត​តាំងពី​ល្ងាច​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក លុះដល់​ចំណុច​អូរ​រ៉ូ​វេ ក៏​ប្រទះឃើញ​ជំរុំ​មួយកន្លែង ប៉ុន្តែ​មិនឃើញ​មាន​មនុស្ស​ស្នាក់​នៅទេ ដោយមាន​ការសង្ស័យ​ក្រុមមន្ត្រី​ជំនាញ​បាន​ពង្រាយ​គ្នា​ចាំ​ឃ្លាំមើល​ត្រង់​ទីតាំង​នោះ រហូតដល់​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៩ ស្រាប់តែ​ឃើញ​ម៉ូតូ​១​គ្រឿង​ជិះ​សំដៅ​មក​ជំរុំ​មួយ​នេះ និង​ដឹក​ប៉ាវ​មួយ ដែល​សង្ស័យ​មាន​លាក់ទុក​សត្វព្រៃ​ក្នុងនោះ ឃើញ​ដូច្នោះ​ក្រុមមន្ត្រី​បានចេញ​មកឃាត់​ម៉ូតូ​ខាងលើ ប៉ុន្តែ​មិនទាន់បាន​ឃាត់​ផង ក៏មាន​ស្នូរ​កាំភ្លើង​បាញ់ស្រោច​ពីលើ​មាត់ច្រាំង​អូរ​រ៉ូ​វេ សន្ធប់​មក​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស នឹងមាន​ការបាញ់​តបត​គ្នា​មួយ​ប្រ៉ា​វ​បាន​បណ្ដាលឱ្យ​ឧ​ទ្យា​នុ​រក្ស​ម្នាក់​រងរបួស​ចំ​ភ្លៅ​ធ្លា​យមក​គូទ ។​

    ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បន្តថា ក្រោយ​បាញ់​តទល់​គ្នា​មួយ​ប្រ៉ា​វ​រួចមក ក្រុម​ខ្មាន់កាំភ្លើង និង​កម្លាំងចម្រុះ​បាន​ដកថយ​រៀងខ្លួន និង​បាន​ជម្លៀស​មន្ត្រី​ដែល​រងរបួស​មក​ទីតាំង​ផ្សេង ប៉ុន្តែ​រំលង​បន្តិច​ប្រហែល​ម៉ោង​៥​ទៀបភ្លឺ ខ្មាន់កាំភ្លើង​ទាំងនោះ​បាន​លប​មក​ជំរុំ​របស់​មន្ត្រី​ជំនាញ​ស្នាក់នៅ​ម្ដងទៀត និង​បាន​បាញ់រះ​មកលើ​ម៉ូតូ​០១​គ្រឿង​បណ្ដាលឱ្យ​រង​ការខូចខាត ប៉ុន្តែ​មិន​ធ្វើ​ឲ្យ​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​រងរបួស​ថែមទៀត​នោះទេ​នៅក្នុង​ហេតុការណ៍​បាញ់​លើក​ទី​២​នេះ ។​

    ​លោក កែវ សុភ​ក៌ បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ ចេង ចាន់​ធី ជា​មន្ត្រី​ឧ​ទ្យា​នុ​ក្ស​ប្រចាំ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ហើយ​មកទល់ពេលនេះ មន្ត្រី​ដែល​រងរបួស​បាន​រួចផុតជីវិត​ហើយ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​រាជធានី​ភ្នំពេញ ។​

    ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី លោក ឡោ សុខា បាន​ប្រាប់​ដែរ​ថា ករណីនេះ​លោក​បាន និង​កំពុង​បញ្ជា​កម្លាំង​ជាច្រើន​នាក់​ទៅ​តំបន់​ខាងលើ ដើម្បី​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស​ទាំងនោះ​ឱ្យខាងតែបាន ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares