• ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នឹង​ចាប់ផ្តើម​សាងសង់​នៅ ខែកុម្ភៈ​នេះហើយ ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង ១៩០០​លាន​ដុល្លារ​
    ដោយ admin  ថ្ងៃទី 29 January, 2019  ម៉ោង 13:25 | ព័ត៌មាន​ជាតិ

    (​ភ្នំពេញ​)៖ គម្រោង​នៃ​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​ស្ថាបនា នា​អំឡុង​ខែកុម្ភៈ ឬ នៅ​ដើម​មីនា ឆ្នាំ ២០១៩​នេះហើយ ហើយ​គ្រឿងចក្រ ដែលមាន​តម្លៃ​ប្រមាណ​ជាង ១០០​លាន​ដុល្លារ នឹងត្រូវ​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា នៅ​បំណាច់​ខែមករា​នេះហើយ ។​

    ​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​សាធារណការ និង ដឹកជញ្ជូន​ឆ្នាំ ២០១៨ និង ទិសដៅ​ការងារ​ឆ្នាំ​២០១៩ កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ នឹង​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុង​ខែកុម្ភៈ ឬ​ដើមខែ​មីនា ខាងមុខនេះ​។ ហើយ​គ្រឿងចក្រ​ដែលមាន​តម្លៃ​ប្រមាណ​ជា ១០០​លាន​ដុល្លារ នឹងត្រូវ​បញ្ជូន​មកដល់​កម្ពុជា នៅ​ដំណាច់​ខែមករា​នេះ ។ អ្នកបច្ចេកទេស​-​វិស្វកម្ម​ចិន​ប្រហែល​២០០​នាក់ បាន​មកដល់​កម្ពុជា​ហើយ ដើម្បី​ត្រៀម​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​នេះ​។​

    ​សូមបញ្ជាក់​ផងដែរ​ថា ផ្លូវ​ល្បឿន​លឿន​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា ១៩០០​លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ក្រោមរូបភាព​វិនិយោគ​សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ (BOT)​។ គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​នឹងត្រូវ ឆ្លងកាត់ រាជធានី ខេត្ត​ចំនួន​៤ គឺមាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​កំពង់​ស្ពី និង ខេត្ត​ព្រះសីហនុ ក្នុងនោះ​គឺ​ឆ្លងកាត់ ៦​ស្រុក ១​ខណ្ឌ ២​ក្រុង ៣១​ឃុំ​/​សង្កាត់ និង ១១០​ភូមិ​។

    ​ផ្លូវ​ល្បៀ​ន​លឿន​នេះ ក្រាល​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ (​គិត​រួមទាំង​ស្ពាន និង​លូ​ទាំងអស់​) ហើយ​មាន​ទទឹង​សរុប ២៤,៥​ម៉ែត្រ ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត (២x៣,៧៥​ម៉ែត្រ​) សងខាង ជាយ​ផ្លូវ​កៅស៊ូ​២ (២x២,៥​ម៉ែត្រ​) សម្រាប់​ម៉ូតូ ជាយ​ផ្លូវ​ដីក្រហម ២(២x០,៧៥) សម្រាប់​ថ្មើរជើង និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ ៣​ម៉ែត្រ ព្រមទាំង​មាន​ស្ពាន ៨៩​កន្លែង​។ នៅលើ​ផ្លូវ​ល្បឿន​លឿន​នេះ មាន​កន្លែង​ឈប់សម្រាក​ចំនួន​៤​កន្លែង និង ស្ថានីយប្រេងឥន្ធនៈ ៣​កន្លែង ហើយក៏​មាន​របង​អម​សងខាង​ផ្លូវ​នោះ​ដើម្បី​ការពារ​សត្វពាហនៈ​ឆ្លងកាត់​ផងដែរ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares