ពៅ បញ្ញា​ពេជ្រ ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​
ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 ខែមិថុនា, 2013  ម៉ោង 04:17 | សិល្បៈកម្សាន្ត

​ភ្នំពេញ ៖ តារាចម្រៀង ពៅ បញ្ញា​ពេជ្រ ដែល​ខ្មាន់កាំភ្លើង​បាញ់​ឲ្យ​ធ្លាក់ខ្លួន​ពិការ​អស់​រយៈពេល​៧​ឆ្នាំ​នោះ បាន​វិល​មកដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​ខែកញ្ញា ឆ្នាំ​២០១២ ខណៈដែល​នាង និង​គ្រួសារ​អស់​លទ្ធភាព​បន្ត​ការព្យាបាល​នៅ​ប្រទេស​ថៃ​។

 

ក្រោយ​វិលត្រឡប់ បន្ទាប់ពី​សម្រាក​ព្យាបាល​អស់​រយៈពេល​ជាច្រើន​ខែ​នៅផ្ទះ​របស់​នាង​ម្តុំ​ផ្សារ​សុ​វណ្ណា​ក្នុង​ភាពស្ងប់ស្ងាត់​នោះ នៅពេលនេះ​ជំងឺ ពៅ បញ្ញា​ពេជ្រ បាន​រើ​ឡើងវិញ​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​កាលពី​ចុង​សប្តាហ៍​មុន​។​ ​តារាចម្រៀង ពៅ បញ្ញា​ពេជ្រ បាន​ប្រាប់​កាសែត​ក្នុងស្រុក មុន​នាង​ត្រូវបាន​សង្គ្រោះបន្ទាន់​ជាថ្មី​ម្តង​ទៀតថា​៖«​ការ​មក​ស្រុក​ខ្មែរ​ព្រោះ​យើង​អស់​លុយ​ព្យាបាល​យើង​ខ្វះខាត យើង​ឈឺ​ពេក គ្មាន​ធនធាន​លុយកាក់​ចូល​ពេទ្យ​ញឹក​ទេ​។ ឈឺ​ហើយ បើ​យើង​មិន​ទៅ​ពេទ្យ​មានតែ​ស្លាប់ ទៅ​ពេទ្យ​អ៊ីចឹង​យើង​ត្រូវ​ចំណាយលុយ ជា​បញ្ហា​បច្ចុប្បន្ន​និង​ខាងមុខ​របស់​យើង​។

 

នៅ​ស្រុក​គេ​យើង​ចំណាយ​ច្រើន ហើយ​មក​ផ្ទះ​យើង​យើង​ចំណាយ​តិចជាង​ព្រោះ​យើង​មានផ្ទះ​ស្រាប់ យើង​ចង់​ធ្វើ​អីយើ​ង​មាន​សព្វគ្រប់​មិនសូវ​ចំណាយ​ច្រើន​ទេ​។ បើ​យើង​នៅ​ខ្មែរ​នេះ​យើង​ចំណាយ​តែ​សម្រាប់​ទី​១ ពេទ្យ ទី​២ ការធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​បែប​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ ហើយ​យើង​អត់​ស្រួល​យើង​អាច​ទៅ​ពេទ្យ​បាន​»​។​ ​

 

បញ្ញា​ពេជ្រ​បន្តថា​៖«​ពេទ្យ​ដែល​ខ្ញុំ​សម្រាក​ព្យាបាល​នៅ​ថៃ​ហ្នឹង​មាន​ឈ្មោះថា មន្ទីរ​សម្រាក​ព្យាបាល ខេ​មា ហើយ​ដុក​ទ័​រដែ​ល​គាត់​មើល​ខ្ញុំ​ហ្នឹង គាត់​ដុក​ទ័​រ​មកពី​បារាំង​គាត់​ឈ្មោះ សោម លក្ខិណា គាត់​ខ្មែរ​តែ​មកពី​បារាំង ជំងឺ​ខ្ញុំ​គាត់​មើល​គាត់​ដឹង​ទាំង​អស់ហើយ​ពេទ្យ​នោះ​មាន​ពេទ្យ​បរទេស​ច្រើន​ហើយ​បើ​យើង​មាន​បញ្ហា​អាចទាក់ទង​គាត់​បាន​។ បើ​យើង​ឈឺ​គឺ​ត្រូវ​ទៅ​ពេទ្យ ហើយ​ថ្នាំ​នោះ​គឺ​ថ្លៃ​អាធម្ម​តា​ប្រើ​លែងកើត​ហើយ វា​ដូចជា​ស៊ាំ ថ្នាំ​ហ្នឹង​ថ្លៃ​ខ្លាំងណាស់​ហើយ​បើ​យើង​មិន​ចាក់​វា​អត់​បាត់​ឈឺ​វារ​លាក​»​។​ ​ក្រោយ​សម្រាក​នៅ​ស្រុក​ខ្មែរ​បាន​ជិត​មួយឆ្នាំ​នៅពេលនេះ ជំងឺ​របស់​តារាចម្រៀង​រូបនេះ​បាន​រើ​ឡើងវិញ​កាន់តែខ្លាំង ហើយ​គ្រួសារ​របស់​នាង​បាន​ដឹកបញ្ជូន​នាង​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេ​មា ដែល​ទើប​បង្កើត​សាខា​ថ្មី​នៅ​ប្រទេស​កម្ពុជា​នោះ​។​

 

​ស្ថិតក្នុង​សម្លៀកបំពាក់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ខេ​មា​ក្រោយពេល​ការពិនិត្យ​របស់​គ្រូពេទ្យ​តារាចម្រៀង​ដែល​បាត់​អាជីព និង​ស្ទើរ​បាត់បង់​ជីវិត​ដោយសារ​គ្រាប់កាំភ្លើង​គ្មាន​មេត្តា​នោះ បាន​ឲ្យ​ដឹងថា នៅពេលនេះ ជំងឺ​របស់​នាង​ធ្វើទុក្ខ​កាន់តែខ្លាំង ដែល​ទាមទារ​ឲ្យ​នាង​ត្រូវធ្វើ​ការព្យាបាល​ជា​ចាំបាច់​បើ​មិន​ដូច្នេះ​ទេ​មានតែ​ដេកស្លាប់​ទាំង​វេទនា​តែប៉ុណ្ណោះ​។​

 

​តារាចម្រៀង​រូបនេះ​បាន​និយាយថា​៖«​នៅពេលនេះ​នាង​ខ្ញុំ​សូម​ជម្រាប​ផងដែរ​ថា ឥឡូវនេះ​អាការ​ជំងឺ​នាង​ខ្ញុំ​ធ្វើទុក្ខ​ខ្លាំងណាស់ ដោយ​មិនអាច​ទ្រាំ​បាន​បើ​មិន​ព្យាបាល​ប្រាកដជា​ស្លាប់​តែដោយសារ​ខ្វះខាត​ថវិកា​ខ្លាំង​ទើប​នាង​ខ្ញុំ​ខំប្រឹង​ថត​ជា video clib ដោយផ្ទាល់​ពី​មន្ទីរ​សម្រាក​ព្យាបាល ខេ​មា សូមមេត្តា​ទស្សនា និង​មេត្តាជួយ​ដោយ​ក្តី​អនុគ្រោះ ពី​នាង​ខ្ញុំ ពៅ បញ្ញា​ពេជ្រ​»​។​ ​

 

គួរ​បញ្ជាក់ថា ខណៈពេលដែល​កំពុងតែ​ទទួលបាន​ភាពល្បីល្បាញ​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​លើ​វិថី​តារា និង​កំពុង​លេចចេញ​នូវ​សម្រស់​កាន់តែ​ក្មេងខ្ចី​តារាចម្រៀង ពៅ បញ្ញា​ពេជ្រ ត្រូវបាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់ប្រហារ​មកលើ​រូបនាង​យ៉ាង​សាហាវ​កាលពី​ថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ​២០០៧ នៅវេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក​នៅមុខ​សាលា​ភាសា​បរទេសមួយ ក្បែរ​របង​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល បណ្តាល​ឲ្យ​តារា​រូបនេះ​ទទួលរង​របួស​យ៉ាងធ្ងន់ធ្ងរ​និង​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ចុងក្រោយ​បន្តទៅ​ប្រទេស​ថៃ​ហើយ​នៅពេលនេះ​នាង​បាន​វិល​មក​កម្ពុជា​វិញ​៕ppp ​

SA